khmer eng
  • តួនាទីរបស់សហភាពអឺរ៉ុបក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីតាមច្បាប់អន្តរជាតិ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញប្រជុំការងារជាមួយ ឯកឧត្តម IGOR Driesmans អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងការស្តារឡើងវិញនូវជីវភាព ស្ថានភាពសេដ្ឋកិច្ចខេត្តតាមបណ្តោយព្រំដែន។

    ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះតួនាទីប្រកបដោយឥទ្ធិពលរបស់ សហភាពអឺរ៉ុប (EU) ក្នុងការដោះស្រាយជម្លោះជាច្រើនក្នុងឆាកអន្តរជាតិកន្លងមក។ ឯកឧត្តមបណ្ឌិត បានលើកអំពីករណីភាគីយោធាថៃពង្រីកតំបន់ជម្លោះ ទៅកាន់ទីលំនៅ ភូមិឋានដែលប្រជាពលរដ្ឋខ្មែរបាន និងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ បានបង្កជាទុក្ខលំបាក និងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរសម្រាប់ពួកគាត់។ ក្រៅពីនេះបញ្ហាទាហានកម្ពុជាទាំង១៨នាក់ ដែលភាគីថៃបានចាប់ធ្វើជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់ចូលជាធរមាននោះ គឺជារឿងដែលអយុត្តិធម៌ ល្មើសបទឈប់បាញ់ និងច្បាប់អន្តរជាតិ ដែលសហភាពអឺរ៉ុប (EU) និងព្រឹទ្ធសភា គួរសហការគ្នាដើម្បីធ្វើឱ្យស្ថានភាពនេះប្រសើរឡើង និងការពារកុំឱ្យរីករាលដាលបន្ថែមទៀត។

    ឯកឧត្តមអគ្គរដ្ឋទូត មានប្រសាសន៍ថា EU តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។ EU បានចេញសេចក្តីថ្លែងការណ៍ និងការអំពាវនាវជាច្រើន ដើម្បីឱ្យមានដំណោះស្រាយដោយសន្តិវិធី។ EU ផ្តល់តម្លៃខ្ពស់លើការគោរពច្បាប់អន្តរជាតិ និងយន្តការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ ដែលជាថ្មីម្តងទៀត EU ស្វាគមន៍ចំពោះការសម្រេចបាននូវបទឈប់បាញ់ ក្រោមយន្តការអាស៊ាន កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក។ ដើម្បីធានាបាន សន្តិភាព យូរអង្វែង EU ត្រៀមខ្លួនរួចជាស្រេចសហការជាមួយអាស៊ាន ដើម្បីចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះ។

    ឯកឧត្តមអគ្គរដ្ឋទូត បន្តថា EU បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងទុក្ខលំបាករបស់ប្រជាជនភៀសសឹក តាមរយៈការផ្តល់ជំនួយជាសាច់ប្រាក់ ៧០០,០០០ អឺរ៉ូ។

    ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា និងសហភាពអឺរ៉ុបនៅថ្ងៃអនាគត ទាំងលើវិស័យស្រាវជ្រាវច្បាប់ កសិកម្ម ការកែច្នៃអាហារ និងការអប់រំ ដើម្បីពង្រឹងសមត្ថភាពផលិតរបស់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងប្រទេសផង និងនាំចេញផង ដែលជាផ្នែកមួយជួយកសាងភាពធនដល់សេដ្ឋកិច្ចកម្ពុជា។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត